(កណ្ដាល)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្របសម្រួលករណីវិវាទដីធ្លីមួយករណីនៅក្រុងតាខ្មៅ ដោយមានការចូលរួមពីអាជ្ញាធរក្រុង មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ។ ជាលទ្ធផល ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបញ្ចប់ទំនាស់ដោយសន្តិវិធី ក្នុងបរិយាកាសយោគយល់ អធ្យាស្រ័យ និងស្និទ្ធស្នាល។
កិច្ចប្រជុំនេះ បានផ្តោតលើការពិនិត្យ និងសម្របសម្រួលវិវាទដីធ្លី រវាងភាគីដើមបណ្តឹង អេង សេងងួន និងភាគី គង់ ប៊ុនឆាយ ពាក់ព័ន្ធនឹងករណីវិវាទលើការរំលោភ និងការគ្រប់គ្រងទីតាំងដីកម្មសិទ្ធិ ដែលស្ថិតនៅក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងដំណើរការសម្របសម្រួល ភាគីពាក់ព័ន្ធបានពិភាក្សាគ្នាដោយផ្អែកលើស្មារតីយោគយល់ អធ្យាស្រ័យ និងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានពីភាគីទាំងពីរ។
ជាលទ្ធផល ភាគី គង់ ប៊ុនឆាយ បានយល់ព្រមរុះរើផ្ទះ និងសម្ភារផ្សេងៗដែលស្ថិតនៅលើទីតាំងដីវិវាទចេញឱ្យអស់ យ៉ាងយូរត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៧។
ជាមួយគ្នានេះ ភាគី អេង សេងងួន នឹងចាប់ផ្តើមធ្វើរបងការពារព្រំដីរបស់ខ្លួនជាបណ្តើរៗ ស្របតាមការព្រមព្រៀងរួមរបស់ភាគីទាំងពីរ។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺក្រោយការសម្របសម្រួល ភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់ការខ្វែងគំនិត និងបន្តរក្សាមនោសញ្ចេតនា ជាបងប្អូន និងការរាប់អានគ្នាដ៏ល្អប្រសើរដដែល ដោយបង្ហាញពីស្មារតីយោគយល់ និងអធ្យាស្រ័យគ្នា។
ការដោះស្រាយវិវាទតាមរយៈការសម្របសម្រួលក្រៅប្រព័ន្ធតុលាការនេះ បានបង្ហាញពីសារៈសំខាន់នៃការចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការសន្ទនា ការយោគយល់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ជាពិសេស ការព្រមព្រៀងរបស់ភាគីទាំងពីរ មិនត្រឹមតែអាចបញ្ចប់វិវាទដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរក្សាបាននូវទំនាក់ទំនងល្អ និងមនោសញ្ចេតនារវាងគ្នា ដែលជាមូលដ្ឋានសំខាន់ក្នុងការរស់នៅដោយសុខដុមរមនា និងសន្តិភាពក្នុងសហគមន៍៕

