(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អមដំណើរដោយអាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យផ្ទាល់ការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីតាមដានវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងឱ្យមានគុណភាព និងស្របតាមបទដ្ឋានបច្ចេកទេស។
ក្នុងឱកាសចុះពិនិត្យការដ្ឋាន ឯកឧត្តម គួច ចំរើន បានយកចិត្តទុកដាក់ពិនិត្យលើវឌ្ឍនភាពការងារ និងទិដ្ឋភាពបច្ចេកទេសនៃការសាងសង់ ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេស និងគុណភាពសំណង់ ដើម្បីធានាថាច្រាំងស្ទឹងដែលបានសាងសង់ និងកែលម្អរួច មានភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងអាចចូលរួមការពារការបាក់ស្រុតច្រាំងបានប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ អភិបាលខេត្តកណ្ដាល ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើការរៀបចំសោភ័ណភាព និងបរិស្ថានជុំវិញតំបន់ការដ្ឋាន ដើម្បីប្រែក្លាយតំបន់ច្រាំងស្ទឹងនេះឱ្យក្លាយជាលំហសាធារណៈមួយដែលមានសោភ័ណភាព របៀបរៀបរយ និងទាក់ទាញ សម្រាប់បម្រើដល់ការហាត់ប្រាណ ការសម្រាកលំហែ និងការកម្សាន្តរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម គួច ចំរើន ក៏បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ឱ្យបន្តចុះពិនិត្យ ណែនាំ និងសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការដ្ឋាន ដោយត្រូវពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធ ដើម្បីកាត់បន្ថយ និងជៀសវាងផលប៉ះពាល់នានា ព្រមទាំងធានាថាដំណើរការសាងសង់មិនបង្កការរំខានខ្លាំងដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា គម្រោងសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូង ក្នុងក្រុងតាខ្មៅ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយទៀតរបស់រដ្ឋបាលខេត្តកណ្ដាល ដែលមានគោលដៅចូលរួមពង្រឹងសុវត្ថិភាពច្រាំង លើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់ទីក្រុង ព្រមទាំងបង្កើតលំហសាធារណៈសម្រាប់ប្រជាពលរដ្ឋ។
គម្រោងនេះត្រូវបានរំពឹងថា នឹងចូលរួមលើកកម្ពស់មុខមាត់ក្រុងតាខ្មៅឱ្យកាន់តែមានសោភ័ណភាព របៀបរៀបរយ និងទាក់ទាញ ស្របតាមការអភិវឌ្ឍទីក្រុង និងការបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

