(កណ្ដាល)៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ នៅសាលាស្រុកកោះធំ ដើម្បីបង្កើនការយល់ដឹង និងពង្រឹងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាពនៅតាមមូលដ្ឋាន។
ពិធីនេះធ្វើឡើងក្រោមការអនុវត្តតាមបទបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី ខៃ សុវណ្ណ ស្នងការរង ជាតំណាង ដឹកនាំសហការីនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យខាងលើ។
ពិធីនេះមានការចូលរួមជាគណៈអធិបតីពី លោក ឆែ វណ្ណឌី អភិបាល នៃគណៈអភិបាលស្រុកកោះធំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលពាក់ព័ន្ធ អាជ្ញាធរឃុំ និងមូលដ្ឋាន ព្រមទាំងតំណាងប្រជាពលរដ្ឋ។
សមាសភាពចូលរួម រួមមាន លោក-លោកស្រី នាយការិយាល័យជំនាញ និងសហការី, លោកអធិការនគរបាលស្រុកកោះធំ និងអធិការរង, លោកមេឃុំ, លោក-លោកស្រី នាយផ្នែក និងនាយរងផ្នែក, លោកនាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍ ព្រមទាំងលោកមេភូមិ និងតំណាងប្រជាពលរដ្ឋ។
ការផ្សព្វផ្សាយអនុក្រឹត្យនេះ មានសារៈសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងដល់អាជ្ញាធរ មន្ត្រីអនុវត្តច្បាប់ និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តឱ្យបានមានប្រសិទ្ធភាព។
ការចូលរួមផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ត្រូវបានចាត់ទុកជាផ្នែកមួយនៃការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ដើម្បីធានាបាននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងសុខសាន្តជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ និងទូទាំងខេត្តកណ្ដាល៕

