(កំពង់ស្ពឺ)៖ ជនសង្ស័យចំនួន ២នាក់ ដែលជាមុខសញ្ញាក្រុមចោរប្លន់ និងទើបចេញពីពន្ធនាគារ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្ត និងនគរបាលស្រុកគងពិសី សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកសំរោងទង ស្រាវជ្រាវ និងឃាត់ខ្លួនបាន។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១២៖១៥នាទី នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៧ និង៨ ស្ថិតក្នុងភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមសមត្ថកិច្ច មុនពេលឃាត់ខ្លួន ជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ ១គ្រឿង ម៉ាហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MK-9998 ដែលជាផ្លាកលេខជនសង្ស័យប្រើប្រាស់ធ្វើសកម្មភាពកន្លងមក ដោយជនសង្ស័យជិះមកប៉ុនប៉ងលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅតាមផ្លូវ ហើយពេលជួបកម្លាំងសមត្ថកិច្ច ជនសង្ស័យបានផ្តួលម៉ូតូ និងរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទាំង ២នាក់។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ព្រមទាំងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ទទួលជួយដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
ជនសង្ស័យទាំង ២នាក់ រួមមាន៖ ទី១.ឈ្មោះ រិទ្ធ រាជ ហៅ «អាម៉ៅ» ភេទប្រុស អាយុ ៥៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំទួលគោក រាជធានីភ្នំពេញ។ ជននេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ១០ខែ ពាក់ព័ន្ធករណីលួចម៉ូតូ កាលពីឆ្នាំ២០២៥ និងទី២.ឈ្មោះ រស់ ចាន់រ៉ន ហៅ «រ័ត្ន» ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំទួលគោក រាជធានីភ្នំពេញ។ ជននេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ៣ឆ្នាំ ពាក់ព័ន្ធបទក្លែងបន្លំឯកសណ្ឋាន និងប្លន់ម៉ូតូ។
វត្ថុតាងដកហូត រួមមាន៖ អាវុធខ្លីប្រើហ្គាសបាញ់គ្រាប់ចំនួន ២ដើម, សោកាច់-កម៉ូតូចំនួន ៣, សោតួណឺវីសចំនួន ១ដើម, ទូរស័ព្ទដៃចំនួន ៣គ្រឿង, នាឡិកាដៃ ១គ្រឿង, ខ្សែកក្រឡៃចំនួន ២ខ្សែ, ចិញ្ចៀនលោហៈធាតុ ១វង់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ១សន្លឹក និងម៉ូតូហុងដា C125 ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1MK-9998។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

