(ត្បូងឃ្មុំ)៖ ដោយអនុវត្តតាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី សុផាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញចោល នូវបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់បារីក្លែងម៉ាកប្រមាណ ៤០០តោន។
ពិធីនេះរៀបចំធ្វើឡើងដោយ សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តត្បូងឃ្មុំ នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះ មានការចូលរួមពី អភិបាលរងខេត្ត ស្ថាប័នអយ្យការ តុលាការ អគ្គស្នងការរង អង្គភាពចំណុះរដ្ឋបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពជំនាញ នៃអគ្គស្នងការនគរបាលជាតិ តំណាង HIS សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ស្ថានតំណាងចក្រភពអង់គ្លេស ភ្នាក់ងារអនុវត្តច្បាប់ អន្តរជាតិ រួមទាំងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធជាច្រើនរូប។
បារីក្លែងម៉ាក និងសម្ភារផលិតបារីក្លែងម៉ាក មានជាង ៦០ម៉ាក រួមមាន Marlboro, ESSE, MEVIUS, 555, បារីចិន និងបារីពាក់ម៉ាកបរទេសជាច្រើន ប្រមាណ ៤០០តោន ត្រូវបានដុតនាពេលនេះ ត្រូវបានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំសម្របសម្រួលដោយតំណាង អយ្យការខេត្តត្បូងឃ្មុំ បានស្រាវជ្រាវ និងប្រតិបត្តិការបង្ក្រាបនៅទីតាំងរោងចក្រ ២កន្លែង និងឃ្លាំងស្តុក ១កន្លែង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។
សូមជម្រាបជូនថា ការដុតបំផ្លាញចោលបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ នាពេលនេះ ធ្វើឡើងក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវការផលិត ការជួញដូរ ចរចារនូវផលិតផលក្លែងក្លាយដែលបំផ្លាញសុខភាព និង ជាបទល្មើសដែលមានហានិភ័យខ្ពស់ ក៏ដូចជាការកាត់ផ្តាច់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន សំដៅធានា ប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ ការធានានូវសុខមាលភាព ព្រមទាំងបង្កើនការគាំទ្រនិងទំនុកចិត្តដល់ វិនិយោគិន និងប្រជាពលរដ្ឋ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសគឺបង្ហាញពីការ ខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការនគរបាលជាតិជាសេនាធិការ ប្រកបដោយ ឆន្ទមុះមត់ និងការទទួលខុសត្រូវ ក្នុងការបង្ក្រាបនិងលុបបំបាត់នូវផលិតផលក្លែងក្លាយ ស្របតាម ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ការបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ និងការដុតបំផ្លាញបារីក្លែងម៉ាកនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ស្របតាមយន្តការច្បាប់ ដោយមានការគាំទ្រ និងសហការពីស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ សហគមអន្តរជាតិ និងក្រុមហ៊ុនជាម្ចាស់ម៉ាក សំដៅសម្រេចបាននូវគោលបំណងរួមគឺការ លុបបំបាត់នូវផលិតផលក្លែងក្លាយ ធានាសុខមាលភាពពលរដ្ឋ វិបុលសុខ និងពង្រឹងសេដ្ឋកិច្ចជាតិ៕

