(កណ្តាល)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:៤០នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។
ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ។
ជនត្រូវឃាត់ខ្លួនឈ្មោះ សឿន ផាន់ណា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១០០ ចខ/ក ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ចេញដោយលោក សោ សុតា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល។
ជនត្រូវចាប់ខ្លួន ត្រូវបានចោទប្រកាន់ពាក់ព័ន្ធបទលួចមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

