ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងអង្គភាពពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីចាប់ជំរិតមួយនៅក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានសរុប ៤នាក់ និងជួយសង្គ្រោះជនរងគ្រោះដោយសុវត្ថិភាព។
តាមរបាយការណ៍ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៣៖៥៨នាទី រំលងអធ្រាត្រ ក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចាប់ជនរងគ្រោះឈ្មោះ LI BINGHUI (លី ប៊ីងហ៊ុយ) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ឱ្យឡើងរថយន្តម៉ាក Toyota Alphard (តូយ៉ូតា អាល់ហ្វាដ) ពណ៌ខ្មៅ នៅចំណុចក្បែរផ្សារទំនើប វ័នតា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រួចធ្វើសកម្មភាពចាប់ជំរិតទារប្រាក់នៅក្នុងរថយន្ត។
ដោយនៅវេលាម៉ោង ៣៖៣៥នាទីរសៀល ថ្ងៃដដែល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានជួយសង្គ្រោះជនរងគ្រោះនៅចំណុចភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ LIU HAILONG (លាវ ហៃឡុង) ភេទប្រុស ជនជាតិចិន។
បន្ទាប់មក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៥៖៣០នាទីល្ងាច ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង បន្តការស្រាវជ្រាវរហូតកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបន្ថែមចំនួន ៣នាក់ រួមមាន៖
– PANG WEIGANG (ប៉ាង វៃកាង) ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន
– HU HAIPENG ហ៊ូ ហៃផេង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
– LIU HAIDONG (លាវ ហៃតុង) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួននៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ។ បច្ចុប្បន្ន សំណុំរឿង និងជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការស្រាវជ្រាវ និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕

