(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធករណីប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរលើយុវជនម្នាក់ រហូតប្រកាច់ ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ បានអនុវត្តក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សែច័ន្ទ សេង ហៅ អាសេង អាយុ ១៧ឆ្នាំ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតម៉ូតូ ១គ្រឿង ដែលជនសង្ស័យប្រើប្រាស់ក្នុងពេលធ្វើសកម្មភាពផងដែរ។
សូមបញ្ជាក់ថា នេះជាជនសង្ស័យទី២ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងសំណុំរឿងនេះ បន្ទាប់ពីជនសង្ស័យទី១ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

