(បន្ទាយមានជ័យ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្នងការដ្ឋាននគរបាលកណ្តាល បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ក្រោយធ្វើសកម្មភាពព្រួតវាយស្ត្រីម្នាក់ដល់ក្នុងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ្ឌ។
ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង ៥:១០នាទីល្ងាច
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន។
ជនសង្ស័យទាំង ៥នាក់ រួមមាន៖
-សម្បត្តិ ព្រហ្មមន្និ (ស្រី)
-ធី ចាន់ថន (ស្រី)
-សម្បត្តិ ព្រហ្មមុន្នី (ស្រី)
-យីវ លីហុង (ប្រុស)
-អ៊ែម បញ្ញា (ប្រុស)
សមត្ថកិច្ចបានដកហូតរថយន្តម៉ាក GTV SOBEN ពណ៌ស ពាក់ស្លាកលេខ 2CD-4972 ចំនួន ១គ្រឿង ជាវត្ថុតាង។
សូមរំលឹកថា កាលពីវេលាម៉ោងប្រហែល ៥:០០នាទីល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ មានក្រុមជនបង្កប្រមាណ ១០នាក់ ជិះរថយន្ត ២គ្រឿង បានចូលទៅព្រួតវាយឈ្មោះ ចាន់ ស្រីណុច ហៅ ប៉ៃ ដែលកំពុងដេកកំដរប្អូននៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ្ឌ ស្ថិតក្នុងភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យរងរបួសស្រាល។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

