(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីធ្វើសកម្មភាពកាត់សោផ្ទះ លួចយកម៉ូតូ និងសម្ភារៈរបស់ប្រជាពលរដ្ឋ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៣:០០នាទី ទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណៈម្ចាស់ផ្ទះមិននៅ។ ជនរងគ្រោះឈ្មោះ យ៉ាំង មិញសៀង អាយុ៣១ឆ្នាំ បានដាក់ពាក្យបណ្តឹងទៅកម្លាំងកងរាជអាវុធហត្ថ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
ក្រោយទទួលពាក្យបណ្តឹង លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅវេលាម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវខារ៉ាអូខេហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ឈ្មោះ ស្រ៊ា រដ្ឋា ហៅ យុទ្ធ អាយុ ៣១ឆ្នាំ និងឈ្មោះ ដែន ដេត អាយុ១៤ឆ្នាំ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដាឌ្រីមសណ្តោងរ៉ឺម៉ក់ ១គ្រឿង ទូរសព្ទដៃ ១គ្រឿង សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន ព្រមទាំងប្រគល់ម៉ូតូម៉ាកហុងដាអាយខន ១គ្រឿង និងកង់រថយន្ត ១គ្រាប់ ជូនជនរងគ្រោះវិញ។ លទ្ធផលធ្វើតេស្តទឹកនោមបង្ហាញថា ជនសង្ស័យទាំងពីរមានសារធាតុញៀនវិជ្ជមាន (+)។
តាមការសួរនាំ ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានកាត់សោទ្វារផ្ទះជនរងគ្រោះ និងលួចយកម៉ូតូម៉ាកអាយខន ពណ៌ទឹកសមុទ្រ រួមទាំងសម្ភារៈមួយចំនួនទៀតពិតប្រាកដមែន។
ក្រោយបញ្ចប់ការស៊ើបអង្កេត និងកសាងសំណុំរឿង កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យទាំងពីរ ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

