(កណ្តាល)៖ ក្នុងឱកាសអបអរសាទរខួបលើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣–១៤ កក្កដា ២០២៦) នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជុន វណ្ណី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអតីតមន្ត្រីអាវុធហត្ថដែលកំពុងមានជំងឺ។
ក្នុងឱកាសនោះ ក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ទៅឧបត្ថម្ភជូនលោកវរសេនីយ៍ត្រី ញ៉ែម ឫទ្ធី អតីតនាយរងការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថខេត្តកណ្តាល (ចូលនិវត្តន៍) ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ជុន វណ្ណី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តកណ្តាល ជូនដល់អតីតមន្ត្រីអាវុធហត្ថ ដោយជូនពរឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ។
ជាការឆ្លើយតប លោកវរសេនីយ៍ត្រី ញ៉ែម ឫទ្ធី និងក្រុមគ្រួសារ បានសម្តែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងបានជូនពរដល់ថ្នាក់ដឹកនាំ និងកងកម្លាំងអាវុធហត្ថទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច៕

