រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បានដាក់ការសង្ស័យលើការសាងសង់របងថ្ម និងការចាក់ដីរំលោភចូលក្នុងតំបន់មាត់ច្រាំងទន្លេដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយមានការលើកឡើងថាម្ចាស់ទីតាំងគឺជាមន្ត្រីជាន់ខ្ពស់មួយរូប។

តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែងនៅតាមបណ្តោយផ្លូវបេតុងក្បែរមាត់ទន្លេ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង គេសង្កេតឃើញមានការចាក់ដីលុបចូលក្នុងទន្លេយ៉ាងជ្រៅ ព្រមទាំងមានការសាងសង់របងថ្មយ៉ាងរឹងមាំថែមទៀតផង។

ប្រជាពលរដ្ឋនៅតំបន់នោះបានអះអាងថា ម្ចាស់ទីតាំងគឺជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយកន្លែង ដែលបានឆ្លៀតឱកាសប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការរំលោភយកដីមាត់ច្រាំងទន្លេធ្វើជាកម្មសិទ្ធិឯកជន។

ប្រជាពលរដ្ឋបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរមូលដ្ឋាន ដោយចោទប្រកាន់ថាមានការរើសអើងក្នុងការអនុវត្តច្បាប់៖ «បើប្រជាពលរដ្ឋសាមញ្ញចាក់ដីបន្តិចបន្តួច អាជ្ញាធរចុះមកហាមឃាត់ភ្លាមៗ ប៉ុន្តែនៅពេលអ្នកមានអំណាចចាក់ដីរំលោភទន្លេរាប់រយម៉ែត្រ អាជ្ញាធរហាក់ធ្វើមិនដឹងមិនឮ»។ ការណ៍នេះឆ្លុះបញ្ចាំងពីការខ្វះតម្លាភាព និងការអនុវត្តច្បាប់ដោយមិនស្មើភាព។

ពាក់ព័ន្ធនឹងករណីខាងលើ អង្គភាពយើងបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង និងលោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេរហូតមកដល់ពេលនេះ។

សកម្មភាពចាក់ដីលុបច្រាំងទន្លេនេះ គឺជាទង្វើផ្ទុយនឹងច្បាប់ និងបទប្បញ្ញត្តិដែលបានកំណត់៖

អនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥៖ ស្តីពីការកំណត់តំបន់ការពារមាត់ច្រាំងទន្លេ ដែលហាមឃាត់ការកាន់កាប់ដី ឬការសាងសង់សំណង់ក្នុងចម្ងាយយ៉ាងតិច ៥០ ម៉ែត្រ ពីមាត់ច្រាំងទន្លេ។

បេីនិយាយពីច្បាប់ភូមិបាល៖ ដីមាត់ច្រាំងទន្លេត្រូវបានចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលបុគ្គលម្នាក់ៗមិនមានសិទ្ធិរំលោភយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអំពាវនាវដល់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះបុគ្គលដែលបំពានច្បាប់ ដើម្បីរក្សាភាពយុត្តិធម៌ក្នុងសង្គម និងការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យបានគង់វង្ស៕

 

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed