ខេត្តកណ្ដាល៖ សំណង់រឹងមួយកន្លែង ដែលមានលក្ខណៈជាសហគ្រាស មិនទាន់បេីកផ្លាកសម្ភោធន៍ តែមានយីហោបញ្ជាក់ថា ជាសហគ្រាស ជេអិល ផលិតគ្រឿងឧបភោគបរិភោគបរិភោគ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បានសាងសង់រំលោភចូលផ្ទៃច្រាំងទន្លេយ៉ាងគឃ្លើន ខណៈដែលអាជ្ញាធរមូលដ្ឋានហាក់មិនទាន់មានចំណាត់ការណាមួយនៅឡើយ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បានឲ្យដឹងថា សំណង់នេះត្រូវបានសាងសង់ឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែពុំទាន់ឃើញមានមន្ត្រីជំនាញ ឬអាជ្ញាធរចុះមកពិនិត្យ ឬចាត់វិធានការតាមផ្លូវច្បាប់នៅឡើយទេ។ ប្រជាពលរដ្ឋបានលើកឡើងដោយការសង្ស័យថា អាចមានភាពមិនប្រក្រតី ឬការបើកដៃពីមន្ត្រីពាក់ព័ន្ធ ទើបម្ចាស់សំណង់អាចសាងសង់បានយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋបានដាក់ការត្អូញត្អែរថា៖ «សម្រាប់ប្រជាពលរដ្ឋធម្មតា ការសាងសង់សំណង់បន្តិចបន្តួចនៅក្បែរមាត់ច្រាំង តែងតែត្រូវបានអាជ្ញាធរចុះហាមឃាត់ភ្លាមៗ ប៉ុន្តែផ្ទុយទៅវិញ ចំពោះករណីសំណង់ធំៗបែបនេះ អាជ្ញាធរហាក់មានភាពស្ងៀមស្ងាត់គួរឲ្យកត់សម្គាល់»។
ការសាងសង់នេះ ត្រូវបានគេមើលឃើញថា បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ អនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ។ យោងតាមមាត្រា៨ នៃអនុក្រឹត្យនេះ បានចែងយ៉ាងច្បាស់ថា ដីចំណីមាត់ច្រាំង និងឆ្នេរនៃតំបន់អាងទន្លេ ត្រូវកំណត់ចម្ងាយ ៥០ម៉ែត្រគិតពីមាត់ច្រាំងទន្លេ។ ហេតុដូច្នេះ សកម្មភាពសាងសង់សំណង់រឹងនៅទីតាំងនេះ គឺជាការបំពានយ៉ាងច្បាស់លាស់ទៅលើបទប្បញ្ញត្តិច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក។
ជុំវិញករណីនេះ ប្រជាពលរដ្ឋ និងមហាជនក្នុងមូលដ្ឋាន បានស្នើសុំឱ្យក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាអាជ្ញាធរខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យ និងមានវិធានការដោះស្រាយជាបន្ទាន់ ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក៏ដូចជាធានាបាននូវការអនុវត្តច្បាប់ដោយស្មើភាពគ្នា។

ដោយ : សេរីភាព ចក្រវាល ញូស៍
