ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ដែលមានចែងក្នុងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការបង្ក្រាបទីតាំងលក់ សម្ភារៈអាសអាភាសចំនួន ០៣កន្លែង ជាបន្តបន្ទាប់ នៅក្នុងខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌទួលគោក ព្រមទាំងឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន ០៩នាក់ (ជនជាតិចិន ០១នាក់ ខ្មែរ ០៨នាក់) និងដកហូតសម្ភារៈអាសអាភាសជាច្រើន មានដូចជា អាវៈយុវៈភេទស្ត្រីសិប្បនិម្មិត, លឹង្គសិប្បនិម្មិតអេឡិចត្រូនិច, លិង្គសិប្បនិម្មិតជ័រ, ស្ករគ្រាប់ជំនួយអារម្មណ៍ផ្លូវភេទ និងថ្នាំ, ប្រេងចម្រុះ សង្ស័យជាសារធាតុជំនួយ និងធ្វើឱ្យរំជួលដល់ចំណង់ផ្លូវភេទផងដែរ។
ជនសង្ស័យទាំង ០៩នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

