រាជធានីភ្នំពេញ៖ តំបន់ច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កំពុងរងការសម្រុកចាក់ដីរំលោភបំពានចូលទៅក្នុងផ្ទៃទឹកយ៉ាងជ្រៅរាប់សិបទៅរាប់រយម៉ែត្រពីសំណាក់បុគ្គលមានលុយមានអំណាច ដោយគ្មានការកោតញញើតច្បាប់ និងគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋានឡើយ។

 

ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខាងលើ បានទម្លាយប្រាប់អ្នកសារព័ត៌មានយើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ថា ពួកគាត់ដែលមានដីក្បែរនោះ គ្រាន់តែចាក់ដីបំពេញដីផ្ទាល់ខ្លួនបន្តិចបន្តួច ក៏ត្រូវបានអាជ្ញាធរសង្កាត់ចុះមកហាមឃាត់ភ្លាមៗដែរ។ ផ្ទុយទៅវិញ ចំពោះបុគ្គលមានទ្រព្យនិងអំណាច ដែលបានចាក់ដីលយចូលទៅក្នុងទន្លេយ៉ាងធំធេងមើលដាច់កន្ទុយភ្នែក បែរជាអាជ្ញាធររក្សាភាពស្ងៀមស្ងាត់ មិនមានចំណាត់ការច្បាប់ណាមួយឡើយ ដែលទង្វើនេះបង្ហាញពីភាពអយុត្តិធម៌ និងស្តង់ដារពីរចំពោះពលរដ្ឋទន់ខ្សោយ។

 

តាមការសាក់សួរបុរសម្នាក់ដែលជាអ្នកមើលការខុសត្រូវនៅទីតាំងចាក់ដីមួយកន្លែង បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងថា ទីតាំងនេះជារបស់ឈ្មោះ ហ៊ា “សេង” កូនយាយ “ភូ”។ ទោះជាយ៉ាងណា នៅពេលសាកសួររកអត្តសញ្ញាណច្បាស់លាស់ និងលេខទូរស័ព្ទទំនាក់ទំនង បុរសរូបនោះបែរជាឆ្លើយថា មិនស្គាល់ទៅវិញ។ ដោយឡែក នៅទីតាំងចាក់ដីមួយកន្លែងទៀតដែលស្ថិតនៅក្បែរនោះ ក្នុងពេលដែលក្រុមការងារយើងកំពុងថតផ្តិតយករូបភាព បែរជាមានក្រុមមនុស្ស ២-៣ នាក់ មកថតរូបក្រុមអ្នកសារព័ត៌មានវិញ ថែមទាំងមានការនិយាយពាក្យសម្តីគំរាមកំហែង និងបម្រុងឃាត់ខ្លួនក្រុមការងារយើងទៀតផង។

 

ពាក់ព័ន្ធនឹងករណីចាក់ដីរំលោភយកចំណីច្រាំងទន្លេជាច្រើនទីតាំងខាងលើនេះ អង្គភាពយើងបានព្យាយាមទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម (Telegram) ទៅលោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង ដើម្បីសុំការបំភ្លឺ ដោយលោកបានចូលមើលសារ ប៉ុន្តែមិនមានការឆ្លើយតបឡើយ។ ស្របពេលជាមួយគ្នានេះ អង្គភាពយើងក៏បានទាក់ទងទៅលោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ តាមប្រព័ន្ធតេឡេក្រាមផងដែរ ប៉ុន្តែគិតត្រឹមម៉ោងចេញផ្សាយនេះ លោកមិនទាន់ចូលមើលសារនៅឡើយទេ។

 

ជុំវិញភាពមិនប្រក្រតីនៃការចាក់ដីរំលោភយកច្រាំងទន្លេយ៉ាងអនាធិបតេយ្យនេះ ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅ សូមគោរពសំណូមពរទៅដល់ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការបញ្ជូនក្រុមការងារជំនាញចុះពិនិត្យ និងមានវិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ៕

 

ដោយ : សេរីភាព ចក្រវាល ញូស៍

 

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed