(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២៖៣០នាទី មានឈ្មោះ ទូច ធឿន ភេទស្រី អាយុ ៦៦ឆ្នាំ នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងទៅលើឈ្មោះ គុំ ចាន់ថន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅផ្ទះជាមួយគ្នា (ត្រូវជាកូនបង្កើត)។
ស្ត្រីវ័យចំណាស់ខាងលើ បានរៀបរាប់ថា នៅវេលាម៉ោង ៩៖១០នាទី ថ្ងៃខែដដែល គាត់កំពុងនៅផ្ទះ ដោយឈ្មោះខាងលើ (កូនបង្កើតរបស់គាត់) បានសុំលុយចំនួន ៣០,០០០៛ (បីម៉ឺនរៀល) ប៉ុន្តែគាត់មិនឱ្យ កូនតិរច្ឆានរបស់គាត់ក៏បានបោកសម្ភារៈក្នុងផ្ទះ បណ្តាលឱ្យខូចខាតខ្ទេចខ្ទីដូចជា ចានមួយចំនួន, ឆ្នាំងសម្លរ ០២, ឆ្នាំងភ្លើងដាំបាយ ០១, ទូទឹកកក ០១, ធុងបាស់ ០១ និងសម្ភារ:មួយចំនួនទៀត ព្រមទាំងមានកាន់ដាវ កាំបិតផ្គាក់ និងដែក គំរាមម្ដាយមិនឱ្យចូលផ្ទះ។
ករណីខាងលើនេះដែរ ដោយនៅវេលាម៉ោង ១៧៖២០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រលាំងគ្រើល បានឃាត់ខ្លួនកូនដែលជាជនសង្ស័យខាងលើមកសាកសួរ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបោកបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕







