(ក្រចេះ)៖ កម្លាំងនគរបាលខេត្តក្រចេះ បានស្រាវជ្រាវក្នុងរយៈពេល ២ថ្ងៃ រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីដាក់ឧបករណ៍ប្រើចរន្តអគ្គិសនីឆក់សត្វ បណ្ដាលឱ្យបុរសម្នាក់បាត់បង់ជីវិត ខណៈដើរឆ្លុះសត្វ និងបានប៉ះឧបករណ៍ឆក់។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចអូរភ្លង ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនរងគ្រោះឈ្មោះ សុន ភាស់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមសមត្ថកិច្ច ក្រោយទទួលបានព័ត៌មានអំពីករណីនេះ លោកវរសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី បានដឹកនាំកម្លាំងសហការជាមួយការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាពាក់ព័ន្ធ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
ជនសង្ស័យទាំង២នាក់ រួមមាន៖ ទី១-ឈ្មោះ នុត ឃីម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ និងទី២-ឈ្មោះ យិន សំណាង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅចំណុចសុខសាន្ត ភូមិចម្រើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ច បានឱ្យដឹងថា ក្នុងប្រតិបត្តិការស្រាវជ្រាវនេះ កម្លាំងជំនាញបានកំណត់មុខសញ្ញាពាក់ព័ន្ធសរុបចំនួន ៤នាក់ ក្នុងនោះ ២នាក់ ត្រូវបានឃាត់ខ្លួន ខណៈមនុស្ស ២នាក់ទៀតកំពុងគេចខ្លួន។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងស្វែងរកមុខសញ្ញាដែលនៅសេសសល់។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕

