(កំពង់ស្ពឺ)៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ សហការជាមួយប្រជាពលរដ្ឋ ដេញចាប់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីស្ត្រីម្នាក់ នៅចំណុចផ្ទះលក់ចាប់ហួយ ស្ថិតក្នុងភូមិត្រាំសសរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
តាមសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ រួមមាន៖ ទី១. ឈ្មោះ ថន ធន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិចំបក់រុនខាងត្បូង ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី២. ឈ្មោះ ណៃ ហ៊ីង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិចំបក់រុនខាងជើង ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង ២នាក់ បានជិះម៉ូតូ Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-7609 មកឈប់នៅមុខផ្ទះលក់ចាប់ហួយរបស់ស្ត្រីឈ្មោះ ផាន សុភ័ណ្ឌ អាយុ ៤៦ឆ្នាំ ដោយធ្វើជាចុះចាក់សាំងម៉ូតូ និងទិញបារី។
សមត្ថកិច្ច បានឱ្យដឹងបន្តថា នៅពេលឃើញឱកាសសមស្រប ជនសង្ស័យឈ្មោះ ថន ធន បានស្ទុះឆក់យកទូរស័ព្ទដៃ iPhone 11 ពណ៌ផ្ទៃមេឃ របស់ជនរងគ្រោះ ដែលដាក់នៅលើគ្រែក្បែរនោះ រួចឡើងម៉ូតូជិះគេចខ្លួន។ ភ្លាមៗនោះ ជនរងគ្រោះបានស្រែកឆោឡោ បង្កឱ្យប្រជាពលរដ្ឋនៅក្បែរនោះ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយរំពារ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ចុះអន្តរាគមន៍ និងដេញតាម រហូតឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ បានភ្លាមៗ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ ម៉ូតូ ១គ្រឿង ដែលជាមធ្យោបាយធ្វើសកម្មភាព និងទូរស័ព្ទដៃ iPhone 11 របស់ជនរងគ្រោះ ១គ្រឿង។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃជូនជនរងគ្រោះវិញ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាងម៉ូតូ ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

