(កណ្ដាល)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង-ស្រុក អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ Zoom។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៦ រួមមាន៖
១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូ ស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ នៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
៣- សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០។
៤- របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះ ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ។
៥- របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
៦- បញ្ហាផ្សេងៗ៕

