(កំពង់ធំ)៖ ក្រោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកជំទាវរដ្ឋមន្ត្រី ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដឹកនាំដោយលោក ហ៊ិន សោភ័ណ ប្រធានមន្ទីរ និងលោក ទិន ម៉ារ៉ា អនុប្រធានមន្ទីរ ទទួលបន្ទុកការងារ បានសហការជាមួយអាជ្ញាធរស្រុកប្រាសាទសំបូរ ចុះជួបណែនាំដោយផ្ទាល់ដល់អាជីវករ ដែលលក់សម្លៀកបំពាក់មានខ្លឹមសារមិនសមរម្យ នៅភូមិសំរិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុងជំនួបនេះ ក្រុមការងារបានធ្វើការណែនាំ និងអប់រំដល់អាជីវករ ឱ្យយកចិត្តទុកដាក់ចំពោះខ្លឹមសារ និងរូបភាពដែលបង្ហាញនៅលើសម្លៀកបំពាក់ ដោយជៀសវាងការលក់ ឬផ្សព្វផ្សាយផលិតផលដែលមានខ្លឹមសារមិនសមរម្យ និងអាចប៉ះពាល់ដល់តម្លៃវប្បធម៌ ប្រពៃណី និងសីលធម៌សង្គម។
បន្ទាប់ពីទទួលបានការណែនាំ អាជីវករបានសន្យាថា នឹងបញ្ឈប់ការលក់សម្លៀកបំពាក់ដែលមានខ្លឹមសារមិនសមរម្យ និងចូលរួមសហការជាមួយអាជ្ញាធរស្រុកប្រាសាទសំបូរ និងអង្គភាពពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការលក់ និងផ្សព្វផ្សាយផលិតផលដែលមិនសមស្របនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ អាជីវករក៏បានសន្យាចូលរួមផ្សព្វផ្សាយ និងណែនាំដល់អាជីវករផ្សេងៗទៀត ឱ្យចូលរួមគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីរួមគ្នាថែរក្សាតម្លៃវប្បធម៌ ប្រពៃណី និងសីលធម៌សង្គម៕


