(កណ្តាល)៖ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ស្ថិតនៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងការសោកស្តាយចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ និងលើកទឹកចិត្តដល់គ្រួសាររងគ្រោះ កុំមានការភ័យខ្លាច ឬអស់សង្ឃឹម ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត និងខិតខំជួសជុលលំនៅឋានដែលរងការខូចខាតឡើងវិញ។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកកោះធំ ដែលបានយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ និងរាយការណ៍ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីមានវិធានការជួយសង្គ្រោះទាន់ពេលវេលា។
បន្ថែមពីនេះ ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយរួមគ្នាលុបបំបាត់ជម្រកមូសខ្លា កុំទុកទឹកដក់ និងត្រូវដេកក្នុងមុង។ ក្នុងករណីសង្ស័យថាមានជំងឺគ្រុនឈាម ត្រូវរួសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលំនៅឋាន ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា និងមិនត្រូវព្យាបាលដោយខ្លួនឯងនៅផ្ទះឡើយ។
ឯកឧត្តមក៏បានណែនាំដល់មន្ត្រីសុខាភិបាល ឱ្យបន្តចុះបាញ់ថ្នាំកម្ចាត់មូសនៅតំបន់ដែលមានការផ្ទុះជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតតាមពាងទឹក និងអាងទឹករបស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ខ្យល់កន្ត្រាក់បានបក់បោកប៉ះពាល់លំនៅឋានប្រជាពលរដ្ឋចំនួន៣ខ្នង នៅឃុំព្រែកថ្មី ស្រុកកោះធំ។ ក្នុងនោះ ផ្ទះ១ខ្នងរបស់ប្រជាពលរដ្ឋវ័យចំណាស់ម្នាក់បានរងការខូចខាត និងរលំទាំងស្រុង ខណៈផ្ទះ២ខ្នងទៀតបានរងការខូចខាតធ្ងន់ធ្ងរ។
អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានផ្តល់ជូនគ្រួសាររងគ្រោះក្នុងមួយគ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អាវសម្រាប់មនុស្សធំ និងកុមារ ព្រមទាំងក្រមា១កញ្ចប់ និងថវិកាចំនួន១លានរៀលផងដែរ៕


