(កណ្តាល)៖ កូនត្រីចំនួន២០ម៉ឺនក្បាល ត្រីមេពូជចម្រុះ៣០គីឡូក្រាម និងកូនបង្កង៣ម៉ឺនក្បាល ត្រូវបានលែងចូលក្នុងទន្លេបាទី នៅចំណុចវត្តកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក សមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងលោក Brune តំណាងក្រុមហ៊ុន Ganzberg។ ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង១៣ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ទិវាមច្ឆាជាតិ ១កក្កដា ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ក្នុងគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមស្រឡាញ់ ថែរក្សា ការពារ និងអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព។
ឯកឧត្តមបានបញ្ជាក់ថា ធនធានជលផល គឺជាធនធានធម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានសំខាន់នៃសន្តិសុខស្បៀងជាតិ ជាប្រភពប្រូតេអ៊ីនសម្រាប់សុខភាព និងជាប្រភពចំណូលដ៏សំខាន់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការលែងកូនត្រី ត្រីមេពូជ និងកូនបង្កងនាពេលនេះ មិនមែនគ្រាន់តែជាពិធីនិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមជាក់ស្តែងក្នុងការបង្កើនធនធានមច្ឆជាតិ និងស្តារប្រព័ន្ធជីវចម្រុះក្នុងទឹក។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន Ganzberg ដែលបានចូលរួមឧបត្ថម្ភកូនត្រី និងកូនបង្កង ព្រមទាំងថ្លែងអំណរគុណដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលជលផលកណ្តាល រដ្ឋបាលស្រុកកណ្តាលស្ទឹង និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំពិធីនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។
ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមការពារ និងអភិរក្សធនធានមច្ឆជាតិ តាមរយៈការគោរពច្បាប់នេសាទ ជាពិសេសការគោរពរដូវបិទនេសាទ និងមិននេសាទក្នុងរដូវត្រីពង។ ប្រជាពលរដ្ឋក៏ត្រូវជៀសវាងការប្រើឧបករណ៍នេសាទខុសច្បាប់ ការឆក់ត្រី និងការប្រើសារធាតុពុល ដែលអាចបំផ្លាញមច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យខិតខំចិញ្ចឹមត្រី និងអភិវឌ្ឍវារីវប្បកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់តម្រូវការត្រីក្នុងទីផ្សារ កាត់បន្ថយការពឹងផ្អែកលើការនេសាទធម្មជាតិ និងធានាឱ្យការប្រើប្រាស់ធនធានជលផលមានតុល្យភាព និងចីរភាព។
ក្រៅពីការអភិរក្សធនធានជលផល ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយសហការផ្តល់ព័ត៌មានដល់អាជ្ញាធរ និងសមត្ថកិច្ច នៅពេលដឹងពីសកម្មភាពល្មើសច្បាប់។ ជាពិសេស មាតាបិតា និងអាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យជៀសវាងអំពើខុសច្បាប់។
ក្នុងបរិបទរដូវភ្លៀង និងការកើនឡើងនៃប្រភពទឹក ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមបង្ការជំងឺគ្រុនឈាម តាមរយៈការលុបបំបាត់ប្រភពទឹកដក់ ការដាក់ថ្នាំអាបែត និងអនុវត្តវិធានការកម្ចាត់មូសតាមការណែនាំរបស់មន្ត្រីជំនាញ។ ជាមួយគ្នានេះ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយសារកុមារលេងទឹកក្នុងរដូវទឹកឡើង ដោយមិនត្រូវទុកកុមារឱ្យលេងទឹកនៅតំបន់ដែលមានហានិភ័យដោយគ្មានការឃ្លាំមើលពីមនុស្សធំឡើយ។
លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា ក្នុងពិធីនេះ មានការលែងកូនត្រីចំនួន២០ម៉ឺនក្បាល ត្រីគល់រាំង២ក្បាល ត្រីរាជ៣ក្បាល ត្រីមេពូជចម្រុះ៣០គីឡូក្រាម និងកូនបង្កង៣ម៉ឺនក្បាល ដើម្បីបង្កើនធនធានជលផលក្នុងធម្មជាតិឱ្យកាន់តែសម្បូរបែប និងផ្តល់ប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។
លោកបន្តថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកណ្តាល បានសហការជាមួយកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន១០៥លើក ដោយបានរុះរើ ដកហូត រក្សាទុក និងបំផ្លាញវត្ថុតាងពាក់ព័ន្ធចំនួន៥៩ករណី ព្រមទាំងចុះឃាត់ចាប់ និងអប់រំណែនាំអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍ខ្នាតមធ្យម និងខ្នាតធំ ក្នុងរដូវបិទនេសាទផងដែរ៕

