(តាកែវ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បើកការស្រាវជ្រាវបង្ក្រាបករណីឃាតកម្មមួយ ដែលជនសង្ស័យបានប្រើប្រាស់អាវុធវែងបាញ់ជនរងគ្រោះម្នាក់ បណ្តាលឱ្យស្លាប់ នៅស្រុកបាទី ខេត្តតាកែវ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ០០៖៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅចំណុចភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដោយជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់អាវុធវែងប្រើគ្រាប់វ៉ាងឡុង បាញ់ទៅលើជនរងគ្រោះឈ្មោះ គីម វិច្ឆិកា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការស្រាវជ្រាវតាមជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យ។
នៅវេលាម៉ោង ១៦៖០០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈឹម ឌុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ នៅចំណុចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យដែលជាបក្ខពួកចំនួន ២នាក់ទៀត បានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមមាន៖ ទី១. ឈ្មោះ រី រតនា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ និងទី២. ឈ្មោះ សុភ័ក្ត ផាត់យ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ អាវុធវែងប្រើគ្រាប់វ៉ាងឡុងចំនួន ១ដើម និងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម FI ឆ្នាំ២០១២។
តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ពួកគេបានសារភាពប្រហាក់ប្រហែលគ្នាថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ពួកខ្លួនពិតជាបានប្រើប្រាស់អាវុធវែងប្រើគ្រាប់ប្រភេទវ៉ាងឡុង បាញ់ទៅលើជនរងគ្រោះប្រាកដមែន។ ពួកគេបានអះអាងថា មូលហេតុដោយសារក្រុមជនរងគ្រោះបានជិះម៉ូតូដេញវាយពួកខ្លួនមុន ទើបឈានដល់ការកើតមានសកម្មភាពបាញ់ប្រហារខាងលើ។
ក្រោយធ្វើសកម្មភាពរួច ឈ្មោះ ឈឹម ឌុន បានយកអាវុធទៅលាក់ទុកនៅផ្ទះរបស់ខ្លួន ខណៈម៉ូតូត្រូវបានយកទៅកប់ទុកនៅផ្ទះរបស់ឈ្មោះ នី សុវ៉ាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្ត៕

