(កំពង់ស្ពឺ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ ក្រោយពីទទួលបានពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍តាមរយៈលេខទូរស័ព្ទសង្គ្រោះបន្ទាន់ ១២៩២។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។
កាលពីវេលាម៉ោង ១១៖១០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជាពលរដ្ឋម្នាក់ ដើម្បីសុំកិច្ចអន្តរាគមន៍ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ រួមមានប្រាក់រៀលចំនួន ១.២០០.០០០រៀល ទូរស័ព្ទចំនួន ២គ្រឿង និងកាបូបឯកសារចំនួន ១។
ករណីនេះបានកើតឡើងនៅវេលាម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង នៅវេលាម៉ោង ១១៖២៥នាទីថ្ងៃដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ឈួរ ឆាំងល័ក្ខ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានចុះអន្តរាគមន៍ និងស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថុល ថាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកទូរស័ព្ទម៉ាក iPhone X ពណ៌មាស ចំនួន ១គ្រឿង ពីក្នុងផ្ទះជនរងគ្រោះ ខណៈជនរងគ្រោះកំពុងដេកនៅក្នុងផ្ទះ។
ក្រោយមក កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ គឿន តុលា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហួន រតនា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

