(កណ្តាល)៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារវីរកងទ័ពពលី ដោយបានបង្ហាញការចងចាំ និងគោរពចំពោះស្មារតីស្នេហាជាតិ ភាពស្មោះត្រង់ និងវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ជាមួយគ្នានេះ ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារ លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ប្រគល់ជូនដល់ក្រុមគ្រួសារវីរកងទ័ពផងដែរ។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ព និងការបន្តគាំទ្រដល់ក្រុមគ្រួសាររបស់ពួកគាត់ឱ្យមានជីវភាពរស់នៅកាន់តែប្រសើរ៕

