(ស្ទឹងត្រែង)៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងនគរបាល ដែលបានប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយជោគជ័យ ទោះបីជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងក៏ដោយ។
ការលើកឡើងនេះធ្វើឡើងនៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះត្រួតពិនិត្យលទ្ធផលប្រតិបត្តិការនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនថា ជាករណី «ប្លន់ម៉ូតូ» នោះ គឺជាការយល់ច្រឡំ។ ជាក់ស្តែង វាជាប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបករណីគ្រឿងញៀន ខណៈជនសង្ស័យម្នាក់បានប្រើអាវុធតដៃ និងភ្ជង់យកម៉ូតូប្រជាពលរដ្ឋពីរគ្រឿង ដើម្បីជិះរត់គេចខ្លួន។ ទោះយ៉ាងណា សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យរូបនោះបាននៅព្រឹកថ្ងៃបន្ទាប់ និងដកហូតម៉ូតូប្រគល់ជូនម្ចាស់ដើមវិញរួចរាល់។
យោងតាមស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ប្រតិបត្តិការនេះបានអនុវត្តចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដោយបង្ក្រាបបាន ៥គោលដៅ និងឃាត់ខ្លួនជនសង្ស័យសរុប ១៧នាក់ ក្នុងនោះមានស្ត្រី ៣នាក់។
លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងចំណោមជនដែលត្រូវបានឃាត់ខ្លួន មាន ១៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (រួមទាំងជនសង្ស័យម្នាក់ដែលប្រើអាវុធបាញ់តដៃសមត្ថកិច្ច) និង ១នាក់ ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាឱ្យនាំខ្លួន។
លោកស្នងការ បានបញ្ជាក់ថា កម្លាំងនគរបាលនឹងបន្តបង្ក្រាបរាល់បទល្មើសដោយមិនរាថយ ទោះប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សរ សុពុត្រា ក៏បានអញ្ជើញប្រគល់ម៉ូតូដែលជនល្មើសបានភ្ជង់យក ទៅជូនម្ចាស់ដើមវិញ បន្ទាប់ពីសមត្ថកិច្ចដកហូតបានដោយជោគជ័យ។

