(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលជាមុខសញ្ញាសកម្មក្នុងការលួចម៉ូតូរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណីលួចម៉ូតូចំនួន ៧ករណី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យទាំង ៣នាក់ រួមមាន៖
-យី យ៉ុងជាន អាយុ ២០ឆ្នាំ
-សែង សុភ័ក្រ្ត អាយុ ៣០ឆ្នាំ
-ទូច ប៊ុនហាន ហៅ លី ហុង អាយុ ៥៣ឆ្នាំ
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះលេខ L48 ភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីការស្រាវជ្រាវរកឃើញថា ក្រុមនេះបានធ្វើសកម្មភាពលួចម៉ូតូម៉ាក Honda Dream C125 ចំនួន ៧គ្រឿង នៅតាមបន្ទប់ជួល និងលំនៅឋានក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌ៧មករា ចន្លោះថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូមួយចំនួន និងបានប្រគល់ម៉ូតូចំនួន ៣គ្រឿង ជូនម្ចាស់ដើមវិញ តាមការស្នើសុំ ខណៈជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

