(កណ្តាល)៖ លោកស្រី ផល គុយនី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្អាង ក្នុងពិធីដែលរៀបចំឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកស្អាង ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។
ក្នុងពិធីនេះ ឯកឧត្តម នុត ពុធដារ៉ា បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានសម្រេចផ្ទេរភារកិច្ចលោកស្រី ផល គុយនី ពីអភិបាលរងស្រុកលើកដែក មកកាន់តំណែងជាអភិបាលរងស្រុកស្អាង ជំនួសលោកស្រី សែម ចាន់ថូ ដែលត្រូវផ្ទេរទៅបំពេញភារកិច្ចជាអភិបាលរងស្រុកលើកដែកវិញ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។
ឯកឧត្តម បានលើកឡើងថា ការតែងតាំងនេះមានសារៈសំខាន់ក្នុងការពង្រឹងការដឹកនាំ និងការគ្រប់គ្រងរដ្ឋបាលស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព និងរួមចំណែកជំរុញការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឱ្យលោកស្រីអភិបាលរងថ្មី ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ការទទួលខុសត្រូវ និងការរៀនសូត្រពីបទពិសោធន៍ជាក់ស្តែង ព្រមទាំងអនុវត្តការងារស្របតាមច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសហការគ្នាអភិវឌ្ឍស្រុកស្អាងឱ្យមានការរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោកស្រី ផល គុយនី បានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញតួនាទី និងភារកិច្ចថ្មីដោយការទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍស្រុកស្អាងឱ្យកាន់តែរីកចម្រើន៕

