(កំពង់ស្ពឺ)៖ ស្ត្រីម្នាក់ ត្រូវបានប្ដីកាប់សម្លាប់យ៉ាងសាហាវនៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតនៅខេត្តតាកែវ។
តាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨៖០០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍ បានឱ្យដឹងទៀតថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៊ុំ សុខន ភេទប្រុស អាយុ ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សឹង សង្កាត់រកាធំ ក្រុងដូនកែវ ខេត្តតាកែវ បានប្រើកាំបិតកាប់ប្រពន្ធឈ្មោះ ខ្លូត ស្រីនី អាយុ ៣៥ឆ្នាំ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ មូលហេតុនៃអំពើឃាតកម្មនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូម៉ាក Suzuki Let’s ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M-1903 រួមជាមួយកាំបិតដែលប្រើធ្វើសកម្មភាព រត់គេចខ្លួន។
ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ កម្លាំងនគរបាលស្រុកបសេដ្ឋ បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ បើកប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យ។
លុះដល់វេលាម៉ោង ១១៖០០យប់ថ្ងៃដដែល សមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យបានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ដោយជិះម៉ូតូបុករថយន្តម៉ាក Hyundai ប្រភេទឃ្លុប ២តោនកន្លះ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G-5635 បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បច្ចុប្បន្ន សពជនសង្ស័យ ត្រូវបាននគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសំរោង ចាត់ការតាមនីតិវិធី និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។ ចំណែកករណីឃាតកម្ម សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបន្ថែម ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕

