(កណ្តាល)៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយផ្នែករដ្ឋបាលជលផលរកាកោង សង្កាត់រដ្ឋបាលជលផលល្វាឯម អរិយក្សត្រ និងរដ្ឋបាលក្រុងអរិយក្សត្រ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានចុះបង្ក្រាបបទល្មើសជលផល ចំនួន២ករណី ពាក់ព័ន្ធនឹងការធ្វើសកម្មភាពឆក់ត្រី ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ។
ករណីទី១៖ កើតឡើងនៅចំណុចកោះហៃអាន ស្ថិតក្នុងភូមិពាមឧកញ៉ាអុង សង្កាត់ឧកញ៉ាអុង ក្រុងអរិយក្សត្រ។ សមត្ថកិច្ចបានបង្ក្រាបបទល្មើសឆក់ត្រី និងដកហូតវត្ថុតាងរួមមាន៖ ទូកឈើ ២គ្រឿង, អាគុយ ៤០អំពែរ ១គ្រឿង, ម៉ាស៊ីន ២គ្រឿង និងដងឆក់ ២គូ។
ករណីទី២៖ ស្ថិតនៅចំណុចភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ។ កម្លាំងចម្រុះបានបង្ក្រាបបទល្មើសឆក់ត្រី ១ករណី និងដកហូតវត្ថុតាងរួមមាន៖ ទូកស្មាច់ ១គ្រឿង, អាំងវែទ័រ ១គ្រឿង, អាគុយ ៤០អំពែរ ១គ្រឿង និងកន្ត្រងត្រី ១គ្រឿង។
សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់ យកទៅរក្សាទុក និងចាត់ការបន្តតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ អាជ្ញាធរជលផលបានអំពាវនាវដល់ប្រជានេសាទ បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីរួមចំណែកអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព៕

