(ក្រចេះ)៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
វេទិកានេះបានប្រារព្ធធ្វើឡើងនៅបរិវេណវត្តគោលាប់ ស្ថិតក្នុងភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ដោយមានគោលបំណងជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្តាប់សំណូមពរ ក្តីកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីសម្របសម្រួល និងដោះស្រាយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
អញ្ជើញចូលរួមក្នុងវេទិកានេះ មានសមាជិកក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក ប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ សរុបចំនួន ២៥៥នាក់ ក្នុងនោះស្រី ១២១នាក់។
ក្នុងវេទិកា ប្រជាពលរដ្ឋបានលើកឡើងសំណូមពរសរុប ៥ករណី ដែលក្នុងនោះ ដោះស្រាយបានភ្លាមៗចំនួន ២ករណី ខណៈ ៣ករណីទៀតកំពុងបន្តដោះស្រាយ និងមិនមានករណីណាមួយដែលមិនទាន់ទទួលការយកចិត្តទុកដាក់នោះឡើយ។
វេទិកាសាធារណៈនេះ គឺជាយន្តការសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ដោយផ្តោតលើការដោះស្រាយបញ្ហាជាក់ស្តែងនៅមូលដ្ឋាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

