(កណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងកោតសរសើរដល់មន្ត្រីសុខាភិបាល មន្ត្រីឃុំ-សង្កាត់ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់រយៈពេលមួយខែកន្លងមក ក្នុងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងមូសខ្លា និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម រហូតធ្វើឱ្យស្ថានភាពជំងឺមានការថមថយជាបណ្តើរៗ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានចូលរួមសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកដោយសារជំងឺគ្រុនឈាម និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារសុខភាព។
ឯកឧត្តម គួច ចំរើន ក៏បានណែនាំថា ប្រសិនបើមានសមាជិកក្នុងគ្រួសារកើតមានរោគសញ្ញាសង្ស័យជំងឺគ្រុនឈាម សូមប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលមានសេវាព្យាបាលត្រឹមត្រូវ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។
ជាចុងក្រោយ ឯកឧត្តមបានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ និងរួមគ្នាបន្តអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាព៕

