(តាកែវ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន ១១កញ្ចប់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោកស្រី ម៉េង សុខឃឹម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១២៖១០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែងនៅចំណុចភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កើត វណ្ណៈ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១១កញ្ចប់ មានទម្ងន់សរុប ៦.៥៧ក្រាម (ថ្លឹងទាំងសំបកថង់) ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូ ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

