(តាកែវ)៖ នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំយុទ្ធនាការចុះអប់រំផ្សព្វផ្សាយវិធានការ បង្ការ បាញ់ថ្នាំ និងដាក់ថ្នាំអាល់បែត (Abate) សម្លាប់ដង្កូវទឹក និងមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងដូនកែវ។
ពិធីបើកយុទ្ធនាការនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តស្លែង ស្ថិតក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត លោកអភិបាលក្រុងដូនកែវ ប្រធាន-អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម វ៉ី សំណាង បានបញ្ជាក់ថា ចំពេលដែលរដូវវស្សាបានចូលមក ដល់ សកម្មភាពចុះអប់រំ និងកម្ចាត់ដង្កូវទឹក មូសខ្លានាពេលនេះ គឺជាវិធានការដ៏មានប្រសិទ្ធភាព និងទាន់ ពេលវេលាបំផុត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម សំដៅគិតគូរ និងការពារ សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋជាចម្បង។
ដើម្បីឱ្យយុទ្ធនាការនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ និងអាចការពារសមាជិកគ្រួសារពីជំងឺគ្រុនឈាមបាន ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការងាយៗ និងចាំបាច់មួយចំនួននៅតាមលំនៅឋាន រួមមាន អាងទឹក ពាងទឹក ឬសម្ភារដក់ទឹកប្រើប្រាស់ផ្សេងៗ ត្រូវមានគម្របបិទជិត និងត្រូវលាងសម្អាតផ្លាស់ប្តូរទឹកឱ្យបានទៀងទាត់ យ៉ាងតិច ១ដង ក្នុង ១សប្តាហ៍ ឬដាក់ថ្នាំអាល់បែត និងលែងត្រីប្រាំពីរពណ៌។ រួមគ្នាប្រមូលកម្ទេច និងបំផ្លាញចោលនូវរាល់វត្ថុដក់ទឹកភ្លៀងនៅជុំវិញផ្ទះ ដូចជា សំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ឬត្រឡោកដូង ជាដើម ដើម្បីកុំឱ្យមានកន្លែងដក់ទឹកបង្កើតជាជម្រកមូសខ្លា និងមួយវិញទៀត ត្រូវស្លៀកពាក់ខោអាវដៃវែង ជើងវែង និងត្រូវគេងក្នុងមុងជានិច្ច ទាំងថ្ងៃ ទាំងយប់៕

