(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ដោយវេលាម៉ោង ១៨៖៣០នាទី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនសង្ស័យជាជនបរទេសប្រុសស្រីចំនួន ៤នាក់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។
លោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន៖
១.ឈ្មោះ Hendry Wijaya Asen ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ដកហូតវត្ថុតាង ថ្នាំញៀនម៉ាទឹកកកចំនួន ២កូនថង់, ក្បាល Pod K ចំនួន ៣០កញ្ចប់ និងទូរស័ព្ទដៃចំនួន ១គ្រឿង
២.ឈ្មោះ Han DongSheng ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន ដកហូតវត្ថុតាង ក្បាល Pod K ចំនួន ២៣កញ្ចប់ និងទូរស័ព្ទដៃចំនួន ១គ្រឿង រថយន្តចំនួន ១គ្រឿង
៣.ឈ្មោះ Man Yigui ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន
៤.ឈ្មោះ Apinya Potiba ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិថៃ (ជាអ្នកស្នាក់នៅក្នុងផ្ទះជាមួយ) និងបានត្រួតពិនិត្យក្នុងបន្ទប់ទី២ ឃើញមានជញ្ជីងចំនួន១ ម៉ាស៊ីនបារីអេឡិចត្រូនិកចំនួន៧ និងសម្បកថង់មួយចំនួន បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យ និងវត្ថុតាងខាងលើមកការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើនីតិវិធីបន្ត និងបានធ្វើតេស្តស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ចំនួន ៣នាក់ ភេទប្រុស, ចំណែក ឈ្មោះ Apinya Potiba ភេទស្រី អាយុ២១ឆ្នាំ ជនជាតិថៃ លទ្ធផល អវិជ្ជមាន (–)។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

