(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងបោះបង្គោលកំណត់ព្រំដីទំហំ ៤០ហិកតា ស្ថិតក្នុងភូមិសាស្ត្រក្រុងដូនកែវ ដើម្បីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំមួយ។
ការចុះបំពេញការងារនេះ ដឹកនាំដោយលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ ដែលបានលើកឡើងថា គម្រោងនេះមានសារៈសំខាន់ក្នុងការគ្រប់គ្រង និងប្រព្រឹត្តិកម្មទឹកកខ្វក់ពីរោងចក្រ សហគ្រាស និងលំនៅឋាន មុននឹងបញ្ចេញទៅក្នុងប្រភពទឹកសាធារណៈ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈ។
លោកបានបញ្ជាក់ថា បច្ចុប្បន្នការគ្រប់គ្រងទឹកកខ្វក់នៅតែជាបញ្ហាប្រឈមមួយ ដែលទាមទារដំណោះស្រាយប្រកបដោយនិរន្តរភាព។ ដូច្នេះ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពបរិស្ថាន កាត់បន្ថយការបំពុលប្រភពទឹក និងរួមចំណែកការពារសុខភាពប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្ត ក៏បានបង្ហាញក្តីរំពឹងថា នៅពេលគម្រោងនេះដាក់ឱ្យដំណើរការ វានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១លាននាក់នៅទូទាំងខេត្តតាកែវ តាមរយៈការកែលម្អប្រព័ន្ធអនាម័យ ការទប់ស្កាត់ជំងឺបណ្តាលពីទឹកកខ្វក់ និងការលើកកម្ពស់គុណភាពជីវិត។
គម្រោងនេះ ក៏ជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍ខេត្តតាកែវប្រកបដោយនិរន្តរភាព សំដៅប្រែក្លាយក្រុងដូនកែវ និងខេត្តតាកែវឱ្យក្លាយជាទីក្រុងស្អាត បៃតង និងមានបរិស្ថានល្អសម្រាប់ការរស់នៅ។
ការបោះបង្គោលកំណត់ព្រំដីទំហំ ៤០ហិកតា នាពេលនេះ គឺជាជំហានដំបូងឆ្ពោះទៅរកការចាប់ផ្តើមសាងសង់ជាក់ស្តែង ខណៈក្រុមការងារពាក់ព័ន្ធនឹងបន្តអនុវត្តនីតិវិធីផ្សេងៗ ដើម្បីធានាឱ្យគម្រោងដំណើរការទៅតាមផែនការដែលបានកំណត់៕

