(កណ្តាល)៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់ប្រកាសរបស់ក្រសួងការពារជាតិ ស្តីពីការតម្លើងឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆមាសទី២។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការវរអន្តរាគមន៍ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១៣ និងនាយទាហានពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក៏បានផ្សព្វផ្សាយផែនការការពារ ពង្រឹងការអនុវត្តការងារជំនាញ និងណែនាំលើការងារសំខាន់ៗមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពការបំពេញភារកិច្ចរបស់អង្គភាពនៅឆមាសទី២ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច និងបេសកកម្មដោយទំនួលខុសត្រូវខ្ពស់ ទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ និងហ៊ានធ្វើពលិកម្ម ដើម្បីរួមចំណែកការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវជាតិ-អន្តរជាតិ និងបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ សេរីភាព ចក្រវាល ញូស៍


