(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ដើម្បីចូលរួមកាត់បន្ថយនិងទប់ស្កាត់ការនាំចូលទូរសព្ទចល័ត ឬឧបករណ៍ទូរគមនាគមន៍ដែលប្រើស៊ីម (“ឧបករណ៍ប្រើស៊ីម”) ក្រៅផ្លូវការ សំដៅការពារផលប្រយោជន៍ និងសុវត្ថិភាពអ្នកប្រើប្រាស់ ពង្រឹងគុណភាពសេវាទូរគមនាគមន៍ លើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងកំណត់អត្តសញ្ញាណនៃទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម ក.ប.ទ. នឹងដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (Equipment Identity Registration System – EIRS) ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ។
នៅក្នុងជំហានដំបូងនៃការដាក់ឱ្យដំណើរការនេះ ប្រព័ន្ធ EIRS នឹងបើកឱ្យសាធារណជនប្រើប្រាស់ “មុខងារពិនិត្យស្ថានភាពលេខអាយម៉ី (International Mobile Equipment Identity – IMEI)” ដោយឥតគិតថ្លៃ ក្នុងនោះ៖
១) អាចត្រួតពិនិត្យអំពីទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមនៅលើទីផ្សារ ពិតជាមានស្តង់ដានិងមានគុណភាព មុននឹងសម្រេចចិត្តទិញប្រើប្រាស់
២) អាចត្រួតពិនិត្យអំពីស្ថានភាពទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមដែលខ្លួនកំពុងប្រើប្រាស់។
ការពិនិត្យស្ថានភាពលេខអាយម៉ី អាចធ្វើតាមវិធីសាស្ត្រដូចខាងក្រោម៖
ក. ការស្វែងរកលេខអាយម៉ីដែលមានចំនួន ១៥ខ្ទង់ តាមវិធីណាមួយក្នុងចំណោមវិធីទាំង៣ ខាងក្រោម៖
-ការចុចលេខកូដ *#០៦# នៅលើផ្ទាំងលេខ (Keypad) របស់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម
-ការចូលទៅកាន់មុខងារ “ការកំណត់ (Settings)” នៃទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម
-ការពិនិត្យលេខអាយម៉ីនៅលើប្រអប់ដើម (Original Box) របស់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម។
ខ. ការពិនិត្យស្ថានភាពលេខអាយម៉ី តាមជម្រើសណាមួយក្នុងចំណោមជម្រើសទាំង៤ ខាងក្រោម៖
-ការចូលទៅកាន់វេបសាយ www.eirs.gov.kh
-ការប្រើប្រាស់កម្មវិធីទូរសព្ទចល័ត IMEI KH
-ការប្រើសេវាយូ.អេស.អេស.ឌី (USSD) តាមរយៈការចុច លេខកូដ *១២០៥# រួចចុចបញ្ជូន និងអនុវត្តតាមការណែនាំ
-ការប្រើសេវាសារខ្លី (SMS) តាមរយៈការវាយ CHK<ដកឃ្លា><លេខអាយម៉ី១៥ខ្ទង់> រួចចុចបញ្ជូនទៅកាន់លេខ ១២០៥។
គ. លទ្ធផលនៃការពិនិត្យស្ថានភាពលេខអាយម៉ី មាន ៤ប្រភេទ គឺ៖
-លេខអាយម៉ីត្រឹមត្រូវ និងបានដំណើរការ មានន័យថា លេខអាយម៉ីនេះត្រឹមត្រូវ ហើយបានដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជាជាធម្មតា
-លេខអាយម៉ីត្រឹមត្រូវ និងមិនទាន់បានដំណើរការ មានន័យថា លេខអាយម៉ីនេះត្រឹមត្រូវ ប៉ុន្តែមិនទាន់បានដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជានៅឡើយ
-លេខអាយម៉ីមិនត្រឹមត្រូវ និងបានដំណើរការ មានន័យថា លេខអាយម៉ីនេះមិនត្រឹមត្រូវ ហើយបាន ដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជាជាធម្មតា
-លេខអាយម៉ីមិនត្រឹមត្រូវ និងមិនទាន់បានដំណើរការ មានន័យថា លេខអាយម៉ីនេះមិនត្រឹមត្រូវ ហើយមិនទាន់បានដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជានៅឡើយ។
សូមបញ្ជាក់ផងដែរថា គ្រប់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមទាំងអស់ដែលកំពុងប្រើប្រាស់នៅក្នុងបណ្តាញទូរសព្ទចល័តនៅកម្ពុជា គឺនៅតែអាចដំណើរការ និងប្រើប្រាស់បានជាធម្មតា បើទោះជាលទ្ធផលនៃការពិនិត្យស្ថានភាពលេខអាយម៉ី បានបង្ហាញអំពីស្ថានភាពណាមួយក៏ដោយ។
ទន្ទឹមនឹងនេះដែរ ក.ប.ទ. សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចៀសវាងការទិញទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមណាដែលបានបង្ហាញលទ្ធផលថា “លេខអាយម៉ីមិនត្រឹមត្រូវ” យកមកប្រើប្រាស់ ពីព្រោះថាទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមនោះ អាចជាឧបករណ៍ដែលគ្មានស្តង់ដា និងគ្មានគុណភាព ឬជាឧបករណ៍ក្លែងក្លាយ។
ក.ប.ទ. សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមប្រើប្រាស់ប្រព័ន្ធ EIRS ដើម្បីចូលរួមកាត់បន្ថយ ទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមដែលមានលេខអាយម៉ីមិនត្រឹមត្រូវ។
សាធារណជនអាចស្កេន QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ តេឡេក្រាម ដើម្បីទទួលបានការណែនាំ និងព័ត៌មានលំអិតអំពីការប្រើប្រាស់មុខងារក្នុងជំហានដំបូងនៅក្នុងប្រព័ន្ធ EIRS នេះ ឬទូរសព្ទទៅកាន់លេខ ១២០៥ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕


