(កណ្ដាល)៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមាន ៣នាក់ធ្លាប់ជាប់ពន្ធនាគារ ប៉ុន្តែមិនរាងចាល និងបន្តប្រព្រឹត្តបទល្មើសដដែល។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
តាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ រួមមាន៖ ឈ្មោះ សុខ កាន់ អាយុ ៤១ឆ្នាំ, ឈ្មោះ ជួង ផល្លី អាយុ ៣១ឆ្នាំ, ឈ្មោះ ម៉ន រ័ត្ន អាយុ ៤១ឆ្នាំ និងឈ្មោះ សាង ផាផាន់ អាយុ ២១ឆ្នាំ។ ក្នុងចំណោមនោះ មាន ៣នាក់ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ រួមមានបទគ្រឿងញៀន និងបទលួច។
សមត្ថកិច្ច បានឱ្យដឹងថា ខណៈកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ចេញល្បាតក្នុងភូមិសាស្ត្រ បានប្រទះឃើញជនសង្ស័យ ២នាក់ដែលជាមុខសញ្ញា រួចឃាត់ត្រួតពិនិត្យ និងរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១កញ្ចប់ លាក់ទុកក្នុងហោប៉ៅខោ។
ក្រោយការសួរនាំ ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះទិញក្នុងតម្លៃ ១៥,០០០រៀល ពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅតំបន់ផ្លូវជាតិលេខ៤២។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបក្ខពួក ២នាក់បន្ថែមទៀត និងដកហូតថ្នាំញៀនបាន ១កញ្ចប់ទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

