ខេត្តកណ្តាល៖ ប្រជាពលរដ្ឋបានរាយការណ៍ជាថ្មីថា សិប្បកម្មកែច្នៃប្លាស្ទិចមួយកន្លែងនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នៅតែបន្តបង្ហូរទឹកកខ្វក់ចូលក្នុងស្រះឈូកនិងប្រឡាយ
ក្រោយពីមន្ទីរបរិស្ថានខេត្តបានចុះទៅពិនិត្យ រកឃើញថាអត់ច្បាប់ ព្រមទាំងមិនមានបទដ្ឋានបច្ចេទេសត្រឹមត្រូវ ដោយតម្រូវឲ្យរត់ច្បាប់និងអនុវត្តន៍តាមបច្ចេកទេសជាកំហិតនោះ នៅតែបន្តសកម្មភាពដំណើរការ និងបង្ហូរទឹកកខ្វក់ព្រមទាំងកាក់សំណល់ចូលទៅក្នុងស្រះឈូកនិងប្រឡាយ ដែលបង្កក្លិនប៉ះពាល់ព្រមទាំងធ្វើឲ្យពលរដ្ឋដែលមានមុខរបរនេសាទនិងដកក្រអៅឈូករមាស់ស្បែកជាខ្លាំង។
សូមរំឮកផងដែរថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសំណាក់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៩ មិថុនា ២០២៦ ចូលក្នុងហ្គ្រុបតេឡេក្រាម”ប្រជាជនខេត្តកណ្តាល”ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្ដាល ដឹកនាំដោយលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថាន រួមជាមួយលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានចុះមកដល់ទីតាំង ដើម្បីពិនិត្យជាក់ស្តែង ប៉ុន្តែមិនបានបញ្ជាក់ប្រាប់ពីលទ្ធផលជាក់លាក់ណាមួយនោះទេ ក្រោយពីការចុះពិនិត្យរួច។
បន្ទាប់ពីមានសារព័ត៌មានបានធ្វើការផ្សព្វផ្សាយអំពីបញ្ហានេះ យើងសង្កេតឃើញវត្តមានលោក អាន តូរ៉ា ប្រធានការិយាល័យគាំពារបរិស្ថាន ដោយមានការចូលរួមសហការពីមន្ត្រីជំនាញរដ្ឋបាលក្រុងតាខ្មៅ និងអាជ្ញាធរសង្កាត់រការខ្ពស់ កាលពីទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការចុះពិនិត្យទីតាំងសិប្បកម្មកែច្នៃបា្លស្ទិកខាងលើម្តងទៀត។
បើយោងតាមរបាយកាណ៍ដែលមន្ត្រីបានចុះពិនិត្យជាក់ស្ដែងលើកទី២នេះបានឲ្យឃើញថា សិប្បកម្មមួយនេះបានបើកដំណើរការតាំងពី ខែ មករា ឆ្នាំ ២០២៦ មកម្ល៉េះ ដែលមានម្ចាស់អាជីវកម្មឈ្មោះ ឌួង ណារិន ភេទប្រុស ជនជាតិ ខ្មែរ។ ចំណុចគួរកត់សំគាល់គឺ សិប្បកម្មនេះមិនទាន់មានច្បាប់ទេ, មិនមានអាងប្រព្រឹត្តកម្មសម្អាតសំណល់ទឹកកខ្វក់, និងការគ្រប់គ្រងសំណល់រឹង និងសំណល់រាវក៏មិនបានល្អដែរ តែនៅតែអាចបើកដំណើរការបានដោយរលូនជិតមួយឆ្នាំ ដែលគ្មានរំខានដល់អាជ្ញាធរឬជំនាញពាក់ព័ន្ធណាចុះមកពិនិត្យសោះឡើយ។
នៅក្នុងរបាយការណ៍នោះបានបន្តថា ចំពោះករណីនេះ តំណាងអាជ្ញាធរក្រុង និងសង្កាត់
សំណូមពរម្ចាស់សិប្បកម្មចូលរួមថែទាំអនាម័យបរិស្ថានឱ្យបានល្អ ។
រីឯក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្តាលវិញបានដាក់កំហិតឲ្យម្ចាស់ទីតាំងត្រូវ ៖
១ ៖ សិប្បកម្មត្រូវប្រមូល ដឹកជញ្ជូនកាកសំណល់ និងសំរាមនៅខាងក្រោយសិប្បកម្មឱ្យបានស្អាត
២ ៖ សិប្បកម្មត្រូវរៀបចំអាងប្រព្រឹត្តកម្មសម្អាតសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
៣ ៖ ម្ចាស់សិប្បកម្មត្រូវរៀបចំឯកសារពាក់ព័ន្ធវិស័យបរិស្ថានជាមួយមន្ទីរបរិស្ថានខេត្តកណ្ដាលឱ្យបានត្រឹមត្រូវ។ តែរហូតមកដល់ពេលនេះ ម្ចាស់សិប្បកម្មមិនបានអនុវត្តន៍ទៅតាមសេចក្តីណែនាំរបស់មន្ទីរបរិស្ថាននោះឡើយ។
អ្វីដែលជាការចាប់អារម្មណ៍ និងហួសចិត្តមួយទៀតគឺ ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា ទុយោបង្ហូរទឹកចូលព្រែកសំរោង ដែលសារព័ត៌មានបានរាយការណ៍ថាជាទុយោបង្ហូរសំណល់រាវមានសារធាតុគីមីចេញពីសិប្បកម្មកែច្នៃបា្លស្ទិកនោះ ក្រុមការងារបានពិនិត្យឃើញថាទុយោនេះមិនមែនជាទុយោបង្ហូរទឹករបស់សិប្បកម្មទេ គឺជាទុយោបង្ហូរទឹកចេញពីស្រះឈូករបស់ប្រជាពលរដ្ឋ ដែលទុយោនោះមានប្រវែងប្រមាណតែ៤ម៉ែត្រ តែធាតុពិតគឺសិប្បកម្មខាងលើបានបង្ហូរទឹកកខ្វក់ចូលក្នុងស្រះឈូក ហើយទើបបង្ហូរចូលក្នុងប្រឡាយថែមមួយជាន់បន្តទៀត។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការបង្ហូរទឹកកខ្វក់ចេញពីសិប្បកម្មកែច្នៃប្លាស្ទិចនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ សូមសំណូមដោយទទូចទៅដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាសូមឯកឧត្តមចាត់ក្រុមមន្ត្រីជំនាញក្រសួងឲ្យចុះមកពិនិត្យដោយផ្ទាល់ ដើម្បីរកឲ្យឃើញនៅចំណុចនៃផលប៉ះពាល់ពិត ដើម្បីជៀសវាងការធ្វើរបាយការណ៍ភូតកុហកថ្នាក់លើបន្តទៀត៕

