(កណ្ដាល)៖ សមិទ្ធផលនានាក្នុងវិស័យអប់រំ សរុបចំនួន ៥អគារ ស្ថិតនៅតាមសាលារៀនចំនួន ៤ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណដល់សប្បុរសជន អង្គការសប្បុរសធម៌ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមឧបត្ថម្ភធនធានក្នុងការសាងសង់អគារសិក្សាទាំងនេះ រហូតលេចចេញជាសមិទ្ធផលដ៏ល្អប្រសើរ សម្រាប់បម្រើដល់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការចូលរួមរបស់សប្បុរសជន គឺជាវប្បធម៌នៃការចែករំលែកដ៏ប្រពៃ និងជាការវិនិយោគដ៏មានតម្លៃ សម្រាប់ការបណ្តុះបណ្តាលកូនចៅជំនាន់ក្រោយឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព។
ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដោតសំខាន់លើអាទិភាព «មនុស្ស» តាមរយៈការលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍសមត្ថភាពកុមារ និងយុវជន ឱ្យមានចំណេះដឹងទូលំទូលាយ សមត្ថភាពខ្ពស់ គំនិតច្នៃប្រឌិត និងអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុងសំពៅពូន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវរួមគ្នាថែរក្សាអគារសិក្សា និងសមិទ្ធផលទាំងអស់ឱ្យបានយូរអង្វែង ព្រមទាំងបន្តពង្រឹងគុណភាពអប់រំ ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងកាន់តែល្អប្រសើរ និងក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ។
យោងតាមរបាយការណ៍របស់លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន បានឱ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ មានសរុបចំនួន ៥អគារ នៅតាមសាលារៀនចំនួន ៤ រួមមាន៖
វិទ្យាល័យ ហ៊ុន សែន សំពៅពូន៖ អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ មាន ១២បន្ទប់ និងអគារបណ្ណាល័យ ១ខ្នង មាន ៤បន្ទប់។
– សាលាបឋមសិក្សា ពោធិរាម្មា៖ អគារសិក្សា ១ខ្នង កម្ពស់ ១ជាន់ មាន ៥បន្ទប់។
– សាលាបឋមសិក្សា ជ្រោយស្នោរ៖ អគារសិក្សា ១ខ្នង កម្ពស់ ១ជាន់ មាន ៦បន្ទប់។
– សាលាបឋមសិក្សា សំពៅមាស៖ អគារសិក្សា ១ខ្នង កម្ពស់ ១ជាន់ មាន ៥បន្ទប់។
សមិទ្ធផលទាំងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងបង្កើតបរិយាកាសសិក្សាកាន់តែល្អប្រសើរសម្រាប់សិស្សានុសិស្សនៅក្នុងក្រុងសំពៅពូន៕

