(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ខណៈដែលក្នុងរដូវវស្សានេះ ជំងឺគ្រុនឈាមកំពុងមានការរាតត្បាតកើនឡើងគួរឱ្យព្រួយបារម្ភ។
ឯកឧត្តមបានណែនាំថា ប្រសិនបើប្រជាពលរដ្ឋមានអាការៈសង្ស័យថាកើតជំងឺគ្រុនឈាម សូមប្រញាប់ទៅពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស ហើយមិនគួរបន្តព្យាបាលនៅផ្ទះដោយខ្លួនឯងនោះទេ ព្រោះការបណ្ដែតបណ្ដោយអាចបណ្ដាលឱ្យជំងឺវិវឌ្ឍធ្ងន់ធ្ងរ រហូតឈានដល់ការបាត់បង់ជីវិតបាន។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវិស័យអប់រំ នៅវិទ្យាល័យ ហ៊ុន សែន សំពៅពូន ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ ត្រូវបន្តតាមដានស្ថានភាពជំងឺគ្រុនឈាមយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺឱ្យបានទាន់ពេលវេលា។
បន្ថែមពីនេះ មន្ទីរសុខាភិបាលខេត្ត ត្រូវពង្រឹងការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ សិស្សានុសិស្ស និងសហគមន៍ អំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ព្រមទាំងបន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺ និងបន្តដាក់ថ្នាំអាបេតនៅតំបន់ដែលមានការកើនឡើងនៃជំងឺគ្រុនឈាម ដើម្បីទប់ស្កាត់ការរាតត្បាតឱ្យមានប្រសិទ្ធភាព៕

