(តាកែវ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបន្តបន្ទាប់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀនជិត ០៤ខាំ។

យោងតាមរបាយការណ៍ពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

*ដំណាក់កាលទី១៖ នៅវេលាម៉ោង ២១៖៥៥នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ បានចុះបង្ក្រាបនៅចំណុចភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

*ដំណាក់កាលទី២ ពន្លាតដែនសមត្ថកិច្ច៖ បន្ទាប់ពីការសាកសួរ នៅវេលាម៉ោង ១១:១០នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញបានបន្តប្រតិបត្តិការទៅកាន់ខេត្តកណ្តាល ដោយសហការជាមួយអាវុធហត្ថក្រុងសំពៅពូន និងមានការសម្រប សម្រួលពី ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចុះបង្ក្រាបជាក់ស្តែងនៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន។

ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៥នាក់ ដែលមានស្រុកកំណើតនៅខេត្តតាកែវ ព្រៃវែង បាត់ដំបង និងសៀមរាប។

ក្នុងនោះវត្ថុតាងដែលដកហូតបាន រួមមាន៖
១. ម្សៅក្រាមពណ៌សថ្លា (គ្រឿងញៀន) ចំនួន ១៣កញ្ចប់ ទម្ងន់សរុប ៣៤៣.៨៩ក្រាម។
២. ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង។
៣. ដាវដែក ០២ដើម និងទូរស័ព្ទដៃ ០៨គ្រឿង។
៤. ម៉ូតូ ០២គ្រឿង រួមនឹងសម្ភារវេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed