(ភ្នំពេញ) ៖ កម្លាំងជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឆ្មក់ស្ទាក់ឃាត់ចាប់រថយន្ត ០១គ្រឿង ដឹកសាច់បង្កកលួចនាំចូលពីប្រទេសវៀតណាមខុសច្បាប់តាមច្រករបៀងស្រុកកោះធំ ជាង ០៨តោន ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយ។
ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង ០៣រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ហ៊ុន សារ៉ាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ប្រតិបត្តិការនេះបានឃាត់ចាប់រថយន្ត ០១គ្រឿង ម៉ាក HYUNDIA ដឹកសាច់សត្វបង្កកចំនួន ៥០២កេស ស្មើនឹង ៨០១៥គីឡូក្រាម។
លោក បន្តបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្ត សាច់បង្កកទាំងនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ដែលខ្លួនលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។
ក្រោយឃាត់ឆែកត្រួតពិនិត្យរួច កម្លាំងជំនាញបាននាំយកវត្ថុតាងបទល្មើសខាងលើទៅរក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

