(ស្វាយរៀង)៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន ដោយសហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ សំ សំអុល អធិការនគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាជនជាតិចិន នៅចំណុចភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ សារធាតុញៀនទម្ងន់ ២គីឡូក្រាម ៦៦៦,៩៨ក្រាម, ជញ្ជីងអេឡិចត្រូនិក ២គ្រឿង, អាវុធខ្លី ១ដើម, ដាវ ១ដើម, ទូរស័ព្ទដៃ ៣គ្រឿង, ថេបប្លេត ២គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

