(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី កម្លាំងជំនាញបានបង្ក្រាបទីតាំងសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៖០៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានសកម្មភាពសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន៖
១. ឈ្មោះ ដូត សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក។
២. ឈ្មោះ ដារ៉ា វ៉ាន់ឆៃ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក។
៣. ឈ្មោះ រុន សៅលី ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិព្រៃរោង ឃុំជង្រុក ស្រុកគងពិសី។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់ (ធំ១ និងតូច១), ទូរស័ព្ទដៃ ២គ្រឿង, ដាវ ២ដើម, ឧបករណ៍សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

