(កំពង់ស្ពឺ កណ្ដាល)៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ឯកឧត្តម គឹម សាន់ អនុប្រធានក្រុមការងារ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុប្រធានក្រុមការងារ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសមាជិកក្រុមការងារចល័តចម្រុះ សហការជាមួយស្ថានីយកណ្ដាលដុំ ខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពិន័យ សរុបចំនួន ១០គ្រឿង ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី ១២តោន ដល់ ៤៥តោន និងស្ថានីយខេត្តកណ្ដាល សហការជាមួយស្ថានីយកំពង់ភ្នំ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពិន័យ សរុបចំនួន ២គ្រឿង ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី ១៤តោន ដល់ ២១តោន។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។
ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕

