(កណ្ដាល)៖ កម្លាំងនគរបាលស្រុកអង្គស្នួល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ខណៈម្នាក់ទៀតបានរត់គេចខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងនៅលើផ្លូវបេតុង ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង ៤នាក់ សុទ្ធតែជាបុរស ហើយលទ្ធផលតេស្តទឹកនោមបង្ហាញថា មានសារធាតុញៀន។ ក្នុងនោះ ជនសង្ស័យ ៣នាក់ ត្រូវបានឃាត់ខ្លួន រួមមាន៖ ឈ្មោះ ចេង រតនៈ អាយុ ៣០ឆ្នាំ, ឈ្មោះ កាន់ កុសល អាយុ ៣៤ឆ្នាំ និងឈ្មោះ សាំង ណែត អាយុ ៤០ឆ្នាំ។ ដោយឡែក ជនសង្ស័យឈ្មោះ វង រតនៈ ហៅ «ខៃ» អាយុ ២៦ឆ្នាំ បានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងបន្តស្វែងរក។
តាមប្រភពពីនគរបាល មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានចេញល្បាតក្នុងភូមិសាស្ត្រ។ លុះទៅដល់ចំណុចកើតហេតុ បានប្រទះឃើញឈ្មោះ ចេង រតនៈ កំពុងអង្គុយ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានសុំត្រួតពិនិត្យ និងរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់តូច រួមទាំងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន ដែលលាក់ទុកក្នុងកញ្ចប់បារី។ ក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ចេង រតនៈ បានសារភាពថា គ្រឿងញៀនដែលដកហូតបានជារបស់ខ្លួន និងបានទិញក្នុងតម្លៃ ២ម៉ឺនរៀលពីឈ្មោះ កាន់ កុសល ហើយក៏ធ្លាប់ទិញពីឈ្មោះ សាំង ណែត ផងដែរ ដើម្បីយកទៅប្រើប្រាស់។
ដោយផ្អែកលើចម្លើយសារភាពនេះ នៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានបន្តស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនឈ្មោះ កាន់ កុសល និងឈ្មោះ សាំង ណែត។
ក្រោយការសាកសួរ ឈ្មោះ កាន់ កុសល បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីមុខសញ្ញាមិនស្គាល់អត្តសញ្ញាណ និងពីឈ្មោះ សាំង ណែត ដើម្បីយកមកលក់បន្ត និងប្រើប្រាស់។ ចំណែកឈ្មោះ សាំង ណែត បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ វង រតនៈ ហៅ «ខៃ» ដើម្បីយកមកលក់បន្ត និងប្រើប្រាស់។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួន កំពុងត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួន៕

