(តាកែវ)៖ កម្លាំងនគរបាលស្រុកកោះអណ្តែត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនសង្ស័យចំនួន ១៤កញ្ចប់តូច រួមទាំងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៩៖០៥នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ទោ សាន្ត ឌឿន អធិការស្តីទី លោកវរសេនីយ៍ត្រី គឹម គួន អធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញចុះល្បាតក្នុងមូលដ្ឋាន។ លុះទៅដល់ចំណុចតូបលក់បាយរបស់ឈ្មោះ ស៊ន សម្បូរ ហៅ «ម៉ុម» ស្ថិតនៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ កម្លាំងសមត្ថកិច្ចបានប្រទះឃើញបុរសម្នាក់មានសកម្មភាពគួរឱ្យសង្ស័យ ហើយបានធ្វើការឃាត់ និងត្រួតពិនិត្យតាមនីតិវិធី។
ជនសង្ស័យឈ្មោះ ស៊ិន ស៊ីណា ហៅ ស្រួច ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមក្រូច ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ជាលទ្ធផលនៃការឆែកឆេរ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១៤កញ្ចប់តូច, ដែកឆាបចុងស្រួច ចំនួន ១ដើម, ទូរស័ព្ទដៃ ម៉ាក VIVO ចំនួន ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

