(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសម្នាក់ ដែលបានលួចយកគ្រឿងញៀនពីទីតាំងបង្ក្រាបបទល្មើស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ និងនាំយកមកសួរចម្លើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឡេង ណាត អាយុ ៤២ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
តាមការបញ្ជាក់របស់លោកមេបញ្ជាការ ជនសង្ស័យរូបនេះបានលួចគ្រឿងញៀនចំនួន ៣កញ្ចប់ធំ ដែលមានទម្ងន់ប្រមាណ ៣គីឡូក្រាម ខណៈកម្លាំងអាវុធហត្ថកំពុងបើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅលើដងទន្លេមេគង្គ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកបានបន្តថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានពិនិត្យឃើញបាវច្រកគ្រឿងញៀនដាច់រហែក ហើយក៏បានហៅអ្នកនេសាទដែលនៅក្បែរកន្លែងកើតហេតុមកសាកសួរ។ តាមរយៈការស្រាវជ្រាវ និងប្រមូលព័ត៌មាន សមត្ថកិច្ចទទួលបានតម្រុយ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡេង ណាត និងដកហូតគ្រឿងញៀនចំនួន ៣កញ្ចប់ធំ ដែលជនសង្ស័យបានលួចយក។
សូមរំឭកថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីមន្ទីរបរិស្ថាន បានបើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅចំណុចកន្ទុយកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងប្រតិបត្តិការនោះ ទូករបស់ក្រុមជួញដូរគ្រឿងញៀន ១គ្រឿង ដែលដឹកគ្រឿងញៀនចំនួន ២ការ៉ុង បានបុកជាមួយទូកអ្នកនេសាទ ១គ្រឿង។ ក្រោយកើតហេតុ ជនល្មើសបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងញៀននៅក្នុងទូក និងវត្ថុតាងពាក់ព័ន្ធជាច្រើន សម្រាប់សមត្ថកិច្ចដកហូត និងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធ៕

